ភ្នំពេញ  ៖  សម្ដេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ កម្ពុជា  បានថ្លែងថា  ប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ ទូទាំងប្រទេស  ត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដេីម្បីចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ។

សម្ដេចតេជោ  ហ៊ុន  សែន  បានសរសេរ នៅលេីបណ្ដាញសង្គម  ហ្វេសប៊ុក  នៅព្រឹក ថ្ងៃ ទី ១២  ខែមេសា  ឆ្នាំ ២០២០  ថា  "ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ  គឺនឹងមកដល់  នៅថ្ងៃទី ១៣-១៦ មេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសគឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។  ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត"។

សម្ដេចតេជោ  បន្ដថា  ទន្ទឹមនឹងនេះ  គឺមានវិធីចាំបាច់ងាយៗមួយចំនួនដែលពលរដ្ឋអាចធ្វើបានដើម្បីការពាររោគឆ្លងកូវីដ១-៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លងដែលមើលមិនឃើញ ដែលអាចនាំមេរោគទៅគេ ឬពីគេមកមកខ្លួនឯងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។

សម្ដេចតេជោ  រំលឹកថា  ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយដែលនឹងសងជូនថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩។

បន្ថែមថា  នាយករដ្ឋមន្ត្រី  អរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងកម្មករដែលចូលរួមប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងកំឡុងពេលចូលឆ្នាំនេះ។

នាយករដ្ឋមន្ត្រី  ថា  "សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០"៕


ដោយ   E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ